ឯកឧត្តម ប្រាជ្ញ ចន្ទ៖ សុខសន្តិភាព ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ


ស្រុកអូររាំងឪ៖ ព្រឹកថ្ងៃ ០៥ កញ្ញា ២០១៩ ឯកឧត្តម ប្រាជ្ញ ចន្ទ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និង ជាប្រធានគណៈកម្មការទី១នៃរដ្ឋសភា បានអញ្ជើញសំណេះសំណាល ជាមួយអាជ្ញាធរមូលដ្ឋានស្រុក ឃុំ មេភូមិ លោកគ្រូ អ្នកគ្រូ អាជីវករ ប្រជាពលរដ្ឋក្នុងឃុំអំពិលតាពត ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ សរុប ៨០នាក់។
ក្នុងឱកាសនោះ ឯកឧត្តម បានរំលេចនូវសមទ្ធិផលទាំងឡាយ ក្រោមកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដឹកនាំប្រកបដោយគតិបណ្ឌិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយ
រក្សាកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧%។ យើងបានចេញដំណើរពីបាតទទេ ហើយបានប្រឹងប្រែងដោយ លំបាក ឆ្លងកាត់ឧបសគ្គសង្គ្រាមផ្ទៃក្នុង រ៉ាំរ៉ៃដែលរហូតមកដល់ ពេលនេះ យើងសម្រេចការអភិវឌ្ឍប្រទេស រុញកំណើនសេដ្ឋកិច្ច ឈរលើកម្រិតចំណូលប្រជាពលរដ្ឋ ចំណូលមធ្យមកម្រិតទាប ហើយឆ្នាំ២០៣០ យើងត្រូវសម្រេចគោលដៅ ចំណូលមធ្យម កម្រិតខ្ពស់។
ពាក់ព័ន្ធការប្រកាស់វិលត្រឡប់របស់ សម រង្សី ដែលជាជនកំពុងមានទោសជាច្រើន នាពេលខាងមុខនេះ ឯកឧត្តម បានលើកឡើងថា វាជាផ្នែកមួយនៃចលនាបដិវត្តន៍ពណ៌ បង្កអស្ថេរភាពក្នុងប្រទេស ដូច្នេះ ស្នើសុំឲ្យប្រជាពលរដ្ឋយើង មានការពិចារណាឲ្យបានត្រឹមត្រូវ កុំជឿតាមការញុះញ៉ង់របស់ក្រុមអគតិ។ បើមានបងប្អូនយើងជ្រុលជ្រួសទៅគាំទ្រអ្នកមានទោស ចូលរួមសកម្មភាពជាមួយអ្នកមានទោស បានន័យថា គាត់កំពុងអនុវត្តផ្ទុយនឹងច្បាប់ ហើយច្បាប់នឹងមានវិធានការជាមួយគាត់ហើយ។
ដើម្បីរក្សាកំណើននិងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ កាត់បន្ថយភាពក្រីក្រឲ្យស្ថិតក្រោម១០% រាជរដ្ឋាភិបាល ប្តេជ្ញាបង្កើនការរក្សាសុខសន្តិភាព ធានាស្ថេរភាព ពង្រឹងការអនុវត្តច្បាប់ និងពង្រីកការទំនាក់ទំនងខាងក្រៅ បង្កើនទំហំវិនិយោគឲ្យកាន់តែធំ។