ឯកឧត្តម អ៊ាង សុផល្លែត ចុះពិនិត្យមើលការសាងសង់អគារសិក្សានៃសាលាបឋមសិក្សាសម្តេចហ៊ុន សែនពើក


អូររាំងឪ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានអញ្ជើញចុះពិនិត្យមើលការសាងសង់អគារសិក្សា នៃសាលាបឋមសិក្សាសម្តេចហ៊ុន សែន ពើក នៅភូមិពើក ឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ក្នុងឱកាសនេះ ឯកឧត្តម បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន និង បានជំរុញឱ្យជាង យកចិត្តទុកដាក់លើគុណភាពសំណង់ និងពន្លឿនការសាងសង់ឱ្យចប់មុនពេលបវេសនកាលឆ្នាំសិក្សា ២០១៩-២០២០ខាងមុខ។ សូមបញ្ជាក់ថា អគារសិក្សាថ្មីនេះ មាន១ខ្នង និង៦បន្ទប់ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយបានដំណើរការសាងសង់រយៈពេល២ឆ្នាំ នឹងបញ្ចប់ជាស្ថាពរនៅក្នុងឆ្នាំ២០១៩នេះ។