មន្ទីរពេទ្យខ្នាតធំតម្លៃប្រមាណ៥០លានដុល្លារ នឹងផុសលេចរូបរាងឡើងនៅតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ


មន្ទីរពេទ្យខេត្តត្បូងឃ្មុំ ដ៏ធំស្កឹមស្កៃដែលស្របតាមស្តង់ដារ មានតម្លៃប្រមាណជាង៥០លានដុល្លារ និងលេចរូបរាងឡើងនាពេលខ្លីខាងមុខនេះ  នៅក្នុងខេត្តត្បូងឃ្មុំ ដែលជាជំនួយឥតសំណងរបស់ប្រទេសចិន ដោយការបញ្ចុះបឋមសិលាសាងសង់ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាណាចក្រកម្ពុជា ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ មានប្រសាសន៍ដូច្នេះក្នុងឱកាសអញ្ជើញចូលរួមពិធីបុណ្យមាឃបូជា នៅវត្តឧត្តមព្រឹក្សា ហៅវត្តត្រពាំងសង្កែ ក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទៅកាន់លោកយាយ លោកតា និងប្រជាពុទ្ធបរិស័ទ មកពីទីជិតឆ្ងាយថា ការជួបជុំគ្នាក្នុងថ្ងៃនេះ ប្រកបដោយទឹកមុខសប្បាយរីករាយ គឺបានមកពីកត្តាប្រទេសជាតិយើងមានសុខសន្តិភាព បើសិនជាប្រទេសជាតិយើងមិនមានសុខសន្តិភាពទេ យើងក៏មិនមានឱកាសបានជួបជុំគ្នាធ្វើបុណ្យទានជាមួយគ្នាដូចពេលនេះដែរ។

ឯកឧត្តមអភិបាលខេត្ត គូសបញ្ជាក់ថា ដោយសារកត្តាសុខសន្តិភាពនេះហើយ  ប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ទាំងពុទ្ធិចក្រ និងអណាចក្រ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ឯកឧត្តម ថ្លែងបញ្ជាក់ទៀតថា ជាក់ស្តែងខេត្តត្បូងឃ្មុំ បានលេចរូបរាងឡើង ជាមួយនឹងសំណង់ដ៏ស្កឹមស្កៃក្នុងនោះមាន អគារសាលាខេត្ត  អគារមន្ទីរជុំវិញខេត្ត អគារស្នាក់នៅរបស់មន្រ្តីរាជការ ប្រព័ន្ធលូនិងផ្លូវធំៗខ្វាត់ខ្វែង វត្តរាប់ពាន់ សាលារៀន និងហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើនទៀត ។

ជាមួយគ្នានោះ អភិបាលខេត្ត បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ រួមគ្នាជួយថែរក្សាសុខសន្តិភាពនិងការអភិវឌ្ឍន៍នេះ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ឲ្យនៅគង់វង្យយូរអង្វែងតទៅទៀត។

ក្នុងឱកាសនោះដែរ ឯកឧត្តម ជាម ច័ន្ទសោភ័ណ និងលោកជំទាវ ក៏បានអញ្ជើញបញ្ចុះបឋមសិលា កសាងសាលាឆាន់និងដងទង់ នាថ្ងៃអង្គារ ១៥កើត ខៃមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី ១៩ ខែកុម្ភះ ឆ្នាំ២០១៩   ព្រមទាំងប្រគេនបច្ច័យកសាង ជូនព្រះសង្ឃគង់ចាំវស្សា ចែកទានដល់ពុទ្ធបរិស័ទដែលបានចូលរួមជាថវិកាមួយចំនួន ព្រមទាំងចែកទានជាថវិកា និងគ្រឿងបរិភោគជូនដល់ជនក្រីក្រចាស់ជរាគ្មានទីពឹងនៅទីនេះ ចំនួន០៧នាក់ផងដែរ៕មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ