ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា៖ កូនខ្មែរគ្រប់រូប ទាំងជំនាន់មុន ជំនាន់នេះ ជំនាន់ក្រោយតទៅអនាគត ត្រូវនាំគ្នាលើកតម្កើងកិត្តិយសជាតិ តាមរយៈការរួមគ្នាថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយឲ្យរឹងមាំ


(ត្បូងឃ្មុំ)៖ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ តំណាងដ៍ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃសៅរ៍ ៧កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានា ដែលមានតម្លៃជាង១០មុឺនដុល្លារ នៅវត្តរតនមុនីតាប៉ាវ ហៅវត្តពងទឹក ស្ថិតក្នុងភូមិពងទឹក ឃុំរកាពរប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ពិធីនោះមានការចូលរួមពី ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ព្រមទាំងអភិបាលរងខេត្ត នាយកស្តីទីរដ្ឋបាលសាលាខេត្ត អភិបាលក្រុងស្រុក ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស ប្រជាពលរដ្ឋ និងយាយជីតាជីយ៉ាងច្រើនកុះករ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានលើកឡើងថា ការរីកចម្រើនវិស័យពុទ្ធចក្រ និងអាណាចក្រ ត្រូវពឹងផ្អែកលើកត្តាសន្តិសុខ ស្ថេរភាពនយោបាយ និងសុវត្ថិភាពសង្គមចាំបាច់ជាចម្បងដែលមិនអាចខ្វះបាន ជាក់ស្តែងសមិទ្ធិផលនានាមានតម្លៃជាង១០មុឺនដុល្លារ ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ បានបង្ហាញអោយឃើញស្រាប់។

ឯកឧត្តម ជា សុផារ៉ា ថ្លែងគូសបញ្ជាក់ថា បើសិនប្រទេសអសន្តិសុខ អ្វីៗក៍មិនអាចកើតឡើងបាននោះដែរ តែបើស្រុកទេសសុខសប្បាយ សន្តិសុខសុវត្ថិភាពពេញលេញ មានស្ថេរភាពនយោបាយ ច្បាស់ណាស់ប្រជាពលរដ្ឋមានសិទ្ធិសេរីភាព ប្រកបរបរបានដោយសេរី មានជីវភាពធូរធារ ប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ជាក់ស្តែងដូចកម្ពុជាសព្វថ្ងៃនេះ ។

ឯកឧត្តម បន្តថា កត្តាដែលប្រទេសជាតិមានសុខសន្តិភាព ពិតជាមានតម្លៃណាស់សម្រាប់ប្រជាជាតិនីមួយៗ ក៍ដូចជាកម្ពុជាផងដែរ ដែលជាមូលដ្ឋានគ្រឹះក្នុងការបោះជំហានអភិវឌ្ឍន៍បន្ថែមទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៍បានរំលឹកថា ដូច្នេះកូនខ្មែរគ្រប់រូប ទាំងជំនាន់មុន ជំនាន់នេះ ជំនាន់ក្រោយតទៅអនាគត ត្រូវនាំគ្នាលើកតម្កើងកិត្តិយសជាតិ តាមរយៈការរួមគ្នាថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយឲ្យរឹងមាំ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានស្នើរឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវមានជំនឿលើខ្លួនឯង ជឿលើរាជរដ្ឋាភិបាលខ្លួនឯង ជឿលើគោលនយោបាយការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា របស់គណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាបន្តដំណើរលើនាវាកម្ពុជា ឆ្ពោះទៅកាន់ត្រើយសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាបន្តទៀត ជាពិសេសនៅតែគោរពបូជា សាសនាតែមួយគត់ គឺព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។វីរៈ៚