ឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ ទទួលជួបសំណេះសំណាលប្រតិភូសាលា Chuenchom Technology Thai-German និងក្រុមហ៊ុន Danai Khomkhai នៃប្រទេសថៃ


(ត្បូងឃ្មុំ)៖ រសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨នេះ ឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ប៉ែន កុសល្យ អភិបាលរងខេត្ត បានទទួលជួបសំណេះសំណាលជាមួយប្រតិភូសាលា Chuenchom Technology Thai-German និងក្រុមហ៊ុន Danai Khomkhai នៃប្រទេសថៃ នៅសាលខេត្តត្បូងឃ្មុំ។

ប្រតិភូដែលអញ្ជើញមកនាឳកាសនោះ ក្នុងគោលបំណងជួបសំណេះសំណាល សម្តែងការគួរសម និងសុំអនុសាសន៍ណែនាំ ក្នុងការបើកវគ្គបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីពង្រឹងនិងបន្ថែមចំណេះដឹងដល់សិស្សនិស្សិតកម្ពុជា ដោយសហការជាមួយសកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ ហើយវគ្តសិក្សានេះ នឹងធ្វើឡើងនៅសាកលវិទ្យាល័យ ហេង សំរិនត្បូងឃ្មុំផ្ទាល់តែម្តង ។

មានប្រសាសន៍នាឳកាសនោះ ឯកឧត្តម លី ឡេង សម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណ ដែលខាងសាលានៃប្រទេសថៃ ចាប់យកសកលវិទ្យាល័យ ក្នុងខេត្តត្បូងឃ្មុំ ជាដៃគូ ក្នុងការបណ្តុះបណ្តាលចំណេះដឹងបន្ថែម និងនាំយកនូវបច្ចេកវិទ្យាថ្មីៗ ដើម្បីបង្រៀន និងបង្ហាញ ដល់សិស្សនិស្សិត និងយុវជនទើបជាប់ទី១២ ដែលនឹងចូលសិក្សានៅថ្នាក់សាកលវិទ្យាល័យជាបន្ត ពិសេសសិក្សានៅសកលវិទ្យាល័យហេងសំរិន ត្បូងឃ្មុំនេះតែម្តង។