សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករជាង១ម៉ឺននាក់នៅរោងចក្រ ISI ផ្លូវវេងស្រេង


នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី១៤,៤០០នាក់ នៅតំបន់រោងចក្រ ISI នៅតាមបណ្តោយផ្លូវវេងស្រេង ក្នុងខណ្ឌ មានជ័យ រាជធានីភ្នំពេញ។
ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយជាខ្លាំងដែលបានអញ្ចើញមកជួបជុំជាមួយបងប្អូនកូនក្មួយកម្មករ កម្មការនី ដើម្បីស្វែងយល់ពីតម្រូវការចាំបាច់នានា និងដើម្បីបង្កើនប្រសិទ្ធភាពការងារអោយកាន់តែល្អប្រសើរឡើង ជាពិសេសដើម្បីជំរុញគោលនយោបាយឧស្សាហកម្ម ២០១៥-២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជាអោយបានជោគជ័យ។ នេះជាលើកទី១២ ហើយដែល សម្តេចតេជោ បានអញ្ជើញចុះជួបសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករ បូករួមទាំងការជួបសំណេះសំណាលនៅរៀងរាល់ថ្ងៃអាទិត្យ នៅកោះពេជ្រ។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានរំលឹកពីដំណើរនៃការតស៊ូរំដោះប្រទេសក្នុងភាពលំបាកលំបិនរហូតមានការរីកចម្រើនមកដល់សព្វថ្ងៃនេះ។ ទាំងអស់នេះគឺបានមកពីការខិតខំរបស់ឪពុកម្តាយ ក្មួយៗ និង គណបក្សប្រជាជនកម្ពុជា ដែលបានប្រែក្លាយទៅជាស្ថានភាពល្អប្រសើរដូចសព្វថ្ងៃ ។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវសុំអោយកម្មករនិងប្រជាពលរដ្ឋកម្ពុជាទាំងអស់ចូលរួមថែក្សាសន្តិភាព និងការអភិវឌ្ឍដើម្បីអោយប្រទេសជាតិកាន់តែរីកចម្រើន។ បើគ្មានសន្តិភាព ក៏គ្មានការអភិវឌ្ឍដែរ ដូច្នេះសន្តិភាព និងការអភិវឌ្ឍត្រូវនៅជាមួយគ្នាជានិច្ច។
សម្តេចតេជោ ហ៊ុន សែន បានប្រៀបធៀបរោងចក្រក្នុងឆ្នាំ ១៩៩៧ គឺកម្ពុជាមានរោងចក្រត្រឹមតែ ៦៤ ប៉ុណ្ណោះ ដែលពេលនោះមានកម្មករប្រមាណ ៨២,០០០ នាក់ ដែលទទួលបានប្រាក់ខែត្រឹមតែ ៤០ ដុល្លារ ក្នុងមួយខែ ហើយចំពោះទំហំនាំចេញវិញគឺមានប្រមាណ ២២៧ លានដុល្លារប៉ុណ្ណោះ។ ប៉ុន្តែពេលបច្ចុប្បន្ននេះការកើនឡើងប្រមាណជាង ១,១០០ រោងចក្រ គឺទំហំនាំចេញបានកើនឡើងប្រមាណជាង ១២,០០០ លានដុល្លារ ដែលជាចំនួនមួយមិនធ្លាប់មានទេពីមុនមក។ នេះដោយសារការយកចិត្តទុក្ខដាក់យ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានការចូលរួមពីម្ចាស់ក្រុមហ៊ុនវិនិយោគទុន និយោជិក និយោជក និងបងប្អូនកូនក្មួយកម្មករ។
នាឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានអរគុណដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបណ្តារោងចក្រសហគ្រាសទាំងអស់ដែលបានពិភាក្សាចរចារតម្លើងប្រាក់ខែសម្រាប់កម្មករកម្មការិនី។ ចាប់ពីខែមករា ឆ្នាំ២០១៨ តទៅ ប្រាក់ខែកម្មករកម្មរិនីជាអប្បរិមារគឺ ១៧០ ដុល្លារ ក្នុងមួយខែ (គឺរាជរដ្ឋាភិបាលបានបន្ថែម ៥ដុល្លារ) ដែលសាច់ប្រាក់នេះបានមកពីពន្ធកាត់ទុក និងពីកំរៃនៃការពិនិត្យការនាំចេញ ដែលររាជរដ្ឋាភិបាលត្រូវចំណាយជាង ៤០ លានដុល្លារសហរដ្ឋអាមេរិក។ ដូច្នេះចាប់ពីខែ មករា ឆ្នាំ ២០១៨ តទៅ ប្រាក់ខែអប្បរមារបូកបន្ថែមនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗ រួមទាំងការបញ្ចុះតំលៃទឹកភ្លើង និងថ្លៃឈ្នួលផ្ទះកម្មករ គឺបងប្អូនកូនក្មួយកម្មករអាចនៅសល់ប្រាក់ខែអាចទទួលបានក្នុងរង្វង់ជាង ២០០ ដុល្លារ សម្រាប់ដោះស្រាយជីវភាពរស់នៅអោយកាន់តែប្រសើរឡើង ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានផ្តល់នូវអនុសាសន៍សំខាន់ៗ៥ចំណុចដល់និយោជក និងនិយោជិតដើម្បីធ្វើការរួមគ្នាធានាដល់ល័ក្ខខ័ណ្ឌការងារនិងប្រាក់ចំណូលល្អ:
១)ត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថេរភាព និងសុវត្ថិភាពសណ្តាប់ធ្នាប់សង្គមអោយបានល្អ។
២)រួមគ្នារក្សាការងារ និងបង្កើតការងារថ្មីៗច្រើនថែមទៀត ដោយធ្វើការពង្រីកនិងបង្កើនទីផ្សារបន្ថែម។
៣)រួមគ្នាបង្កើនប្រាក់ចំណូលដោយការបណ្តុះបណ្តាលចំណេះដឹងបន្ថែមដល់កម្មករ។ រាជរដ្ឋាភិបាល នឹងបន្តតម្លើងប្រាក់ខែកម្មករជារៀងរាល់ឆ្នាំ កើនទាំងប្រាក់បៀវត្សន៍អប្បរិមា និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ។ ចំពោះតម្លៃទឹក ភ្លើងវិញ គឺចាប់តាំងពីថ្ងៃទី១ កញ្ញា ឆ្នាំ២០១៧ នេះតទៅគឺថ្លៃភ្លើងបញ្ចុះមកនៅត្រឹម៤៥០៛ ក្នុង១គីឡូវ៉ាត់ម៉ោង (សម្រាប់ការប្រើក្រោម៥០គីឡូវ៉ាត់ម៉ោងក្នុង១ខែ)។ ចំពោះថ្លៃទឹកគឺថ្លៃតែ ៧០០៛ ប៉ុណ្ណោះក្នុងមួយម៉ែត្រគូប ។ សម្តេចតេជោ បានអំពាវនាវដល់ម្ចាស់ផ្ទះកុំតម្លើងថ្លៃឈ្នួលផ្ទះរយៈពេល១ឆ្នាំ (២០១៨) ដើម្បីជួយកម្មករយើងអោយមានលទ្ធភាពរកប្រាក់ចំណូលបន្ថែមក្នុងការសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃអោយកាន់តែប្រសើរឡើង។
៤)ផ្តល់របបគាំពារសន្តិសុខសង្គមដល់កម្មករចាប់ពីខែ មករា ឆ្នាំ២០១៨ នេះទៅ គឺនិយោជក (ម្ចាស់ក្រុមហ៊ុន) នឹងបង់ថ្លៃរបបសន្តិសុខសង្គម ១០០% ដល់កម្មករកម្មការនី។ ពេលនោះបងប្អូនអាច នៅសល់ប្រាក់ប្រមាណពី (៨,០០០៛-១២,០០០៛ក្នុង១ខែ)។ ជាមួយគ្នានេះដែរ កម្មការនីយើងទាំងអស់ (រួមទាំងកម្មករសំណង់ សណ្ឋាគារ ដឹកជញ្ជូនបើកបរ និងកសិកម្មជាដើម…) គឺទទួលបានការពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃតាមរយៈមូលនិធិសមធម៌។ សម្តេចតេជោ បានណែនាំអោយម្ចាស់ក្រុមហ៊ុនរោងចក្ររៀបចំបង្កើត Clinic បន្ថែមនៅតាមរោងចក្ររបស់ខ្លួនដើម្បីជួយដល់កម្មករ។ ចំពោះស្រ្តីមានផ្ទៃពោះសំរាលកូន គឺនឹងទទួលបានពេលវេលាឈប់សម្រាក ពីការងាររយៈពេល៣ខែហើយ ហើយនៅទទួលបានប្រាក់ខែ ១២០% (៥០% ដោយក្រុមហ៊ុន និង ៧០% ដោយបេឡាជាតិ)។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសជូនដំណឹងដល់បងប្អូនកម្មការនីអំពីអត្ថប្រយោជន៍មួយទៀតដែលនឹងទទួលបានពីបេឡាសង្គមគឺ:- ចំពោះស្រ្តីសម្រាលកូនទោះក្នុងប្រព័ន្ឋ ឬក្រៅប្រព័ន្ឋដែលសម្រាលបានកូន(១)គឺទទួលថវិកា៤០ម៉ឺនរៀល និងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើ សម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៉ឺនរៀល។ បើសម្រាលបានកូន(៣) គឺទទួលបាន ថវិកា១លាន២សែនរៀល ហើយបូកប្រាក់ឧបត្ថម្ភមួយចំនួនទៀតពី សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត។ ថវិកានេះនឹងផ្តល់ជូនដោយបេឡាសន្តិសុខសង្គមរបស់រាជរដ្ឋាភិបាលដែលនឹងត្រៀមថវិកាប្រមាណជាង១០លានដុល្លារ ក្នុង១ឆ្នាំៗ (ទោះបីកូននោះកើតរស់ឬ ស្លាប់គឺនៅទទួលបានថវិកាគាំពារដូចគ្នា)។ កម្មករកម្មការនីទូទាំង ប្រទេស នឹងទទួលបានសេវាជិះឡានក្រុងសាធារណៈ FREE រយៈពេល២ឆ្នាំ (ពីខែសីហា ២០១៧-សីហា ២០១៩)។ ចំពោះកីឡាករ កីឡាការិនីទាំងអស់ក៏ទទួលបានការជិះរថយន្តក្រុងសាធារណៈដោយមិនគិតថ្លៃផងដែរសម្រាប់រយៈពេល២ឆ្នាំ ហើយទទួលបានបានពិនិត្យថែទាំសុខភាពដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ។ ចំពោះកីឡាការនីដែលសម្រាលកូនក៏ទទួលបានអត្ថប្រយោជន៍ដូចកម្មការិនីផងដែរ ចាប់ពីខែមករា ឆ្នាំ ២០១៨ នេះទៅ ។ នៅឆ្នាំ ២០១៩ ខាងមុខនេះ កម្មករទាំងអស់នឹងមានប្រាក់សោធននិវត្តន៍ (ប្រាក់រឺត្រែត) ដែលនឹងទទួលបានចំនួន ៨០% នៃប្រាក់ខែដែលខ្លួនធ្លាប់បានទទួលពេលនៅធ្វើការចុងក្រោយ។
ទី៥) រាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ផ្តល់កិច្ចគាំពារចំពោះកម្មករកម្មការនីដែលកំពុងធ្វើការនៅក្រៅប្រទេស ដោយធ្វើការសម្របសម្រួលជាមួយប្រទេសដៃគូដើម្បីផ្តល់នូវល័ក្ខខ័ណ្ឌការងារល្អៗ ដែលមានប្រាក់ខែល្អសមរម្យដល់កម្មករ ព្រមទាំងជួយសម្រួលនូវបែបបទលិខិតបទដ្ឋានផ្លូច្បាប់នានាដែលពាក់ព័ន្ឋ នឹងការងាររបស់បងប្អូនកូនក្មួយកម្មករ។ ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលនឹងបន្តជជែកជាមួយប្រទេស ផ្សេងៗដូចជាកូរ៉េខាងត្បូង ម៉ាឡេស៊ី និងប្រទេសថៃដើម្បីផ្តល់នូវការងារ និងប្រាក់ខែល្អៗសម្រាប់ បងប្អូនកូនក្មួយកម្មករខ្មែរ ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់សារជាថ្មីផងដែរថា សម្រាប់ប្រាក់បៀរវត្សន៍មន្ត្រីទាបបំផុតគឺទទួលបានអប្បបរមា ១ លានរៀល។ ដោយកាលពីមុនប្រាក់ខែមន្ត្រីរាជការយើង លើលពី ១លានរៀល ត្រូវជាប់ពន្ធទាំងអស់ ប៉ុន្តែចាប់ពី ខែ មករា ឆ្នាំ២០១៨ តទៅ ប្រាក់ខែចាប់ពី ១,២០០,០០០៛ ទើបជាប់ពន្ធ ។ សម្តេចតេជោ ហ៊ុន បានបញ្ជាក់ទៀតថា ចាប់ពីម៉ោង ០០:០០ នាទី ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៧ នេះតទៅ ស្ពាននិងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ ៦ A ទៅផ្លូវជាតិលេខ ៥ ( ស្ពាន និងផ្លូវ លី យ៉ុងផាត់ ព្រែកព្នៅ ) គឺមិនមានការបង់ថ្លៃទៀតទេ។ រាជរដ្ឋាភិបាលបានទិញយកមកគ្រប់គ្រងអោយប្រជាជនធ្វើដំណើរដោយមិនគិតថ្លៃដើម្បីជួយលើកកំពស់ជីវភាពរស់នៅអោយកាន់តែល្អប្រសើ។
សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើអោយក្រសួងការងារធ្វើរបាយការណ៍អំពីចំនួនការងារដែលបានរកនឹងផ្តល់ជូនពលរដ្ឋ ដែលត្រូវរាយការណ៍ជាប្រចាំទៀងទាត់ក្នុងរយៈពេល៦ខែម្តង។
មុននឹងអញ្ជើញទៅជួបកម្មករនៅរោងចក្រមួយទៀត សម្តេចតេជោ ហ៊ុន សែន បានជូនពរបងប្អូនកូនក្មួយកម្មករ កម្មការិនី និយោជកទាំងអស់ដែលបានចូលរួមក្នុងថ្ងៃនេះ ព្រមទាំងបានឧបត្ថម្ភប្រាក់លើកទឹកចិត្តមួយចំនួនដល់កម្មករ និងកម្មការនីមានផ្ទៃពោះចំនួន ៤៤៧ នាក់ផងដែរ។ បន្ទាប់មក សម្តេចតេជោ ហ៊ុន សែន បានថតរូប Selfie អនុស្សាវរីយ៍ ជាមួយបងប្អូនកូនក្មួយកម្មករកម្មការនីក្នុងបរិយាកាសស្និទ្ឋស្នាល និងសប្បាយរីករាយក្រៃលែង៕

171011 Hun Sen1

171011 Hun Sen2