ពិភាក្សា​ការងារ​ផែនការ​ល្បាត​ ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​គ្រប់​រូបភាព​


នៅ​រសៀល​ថ្ងៃទី​១៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៧​ ឯកឧត្តម ​ សាយ​ សំអាល់​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ស្រី​ អានជេលីណា​ ជូលី​ (Angelina Jolie) ប្រធានមូលនិធិ​ MJP លើ​កិច្ច​សហប្រតិបត្តិការ​ក្នុងការ​បង្កើន​ប្រសិទ្ធភាព​ការពារ ​និង​អភិរក្ស​ធនធានធម្មជាតិ​នៅ​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​សំឡូត​ ក៏​ដូចជា​ ការ​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាសហគមន៍​មូលដ្ឋាន​។ ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព​និង​និរន្តរភាព​នៃ​ការ​គ្រប់​គ្រង​ធនធាន​ធម្មជាតិ​ កិច្ច​ពិភាក្សា​បាន​ឯកភាព​បន្តកែលម្អ​យន្តការ​សហប្រតិបត្តិការ​ និង​ក្របខណ្ឌការ​ងារ​ ដែល​តម្រូវ​ឱ្យ​ភាគី​ទាំងពីរ​រៀបចំ​និង​អនុវត្តរួមគ្នានូវ​ផែនការ​ល្បាត​ ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​គ្រប់​រូបភាព​។ ទន្ទឹម​នឹង​នេះ​ កិច្ច​ពិភាក្សា​ក៏បាន​ឯកភាព​លើ​ការ​ជំរុញ​ការ​លើក​កម្ពស់​ជីវភាព​រស់នៅរបស់សហគមន៍​នៅក្នុងតំបន់នេះ តាម​រយៈ​ការ​អភិវឌ្ឍ​ការ​ងារ​កសិកម្ម​ មុខ​របរ​ចិញ្ចឹម​ជីវិត​ និង​ទេសចរណ៍​ធម្មជាតិ​ សំដៅកាត់បន្ថយ​ការ​ពឹង​អាស្រ័យទាំងស្រុង​លើ​ធនធានធម្មជាតិ​ ក៏ដូចជាប្រែក្លាយឥរិយាបទរបស់ប្រជាសហគមន៍មូលដ្ឋានក្នុងការរស់នៅប្រកបដោយភាពសុខដុមរមនាជាមួយបរិស្ថាន​ និងធនធានធម្មជាតិ​៕