ឯកឧត្តម សុខ ឥសាន ស្នើអ្នកវិភាគទាំងឡាយ ជាពិសេសកាសែតភ្នំពេញប៉ុស្តិ៍ គួរតែយល់ពីគោលការណ៍របស់ CPP កុំសរសេរទាំងងឹតងងល់អី


ឯកឧត្តម សុខ ឥសាន អ្នកនាំគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា គឺមានគោលនយោបាយត្រឹមត្រូវ របស់ខ្លួនក្នុងការកសាង និងបណ្តុះបណ្តាលធនធានមនុស្ស សំរាប់បន្តវេន បំពេញតួនាទី ភារកិច្ច ជូនជាតិ និងប្រជាជន តទៅថ្ងៃមុខ និង នាពេលអនាគត យូរអង្វែង ។ ផ្អែកលេី គោលនយោបាយនេះ គណបក្សប្រជាជនកម្ពុជា តែងយកចិត្តទុកដាក់កសាង យុវជនគ្រប់ ស្រទាប់វណ្ណៈ ក្នុងសង្គម ដែលមាននិន្នាកាជឿជាក់និងដើរតាមកម្មវិធីនយោបាយ គណបក្សប្រជាជនកម្ពុជា តែ គណបក្សប្រជាជនកម្ពុជា មិនយកចិត្តទុកដាក់ ចណាយពេលវេលា និង ធនធាន ទៅកសាងយុវជនរបស់បក្សដទៃ ប្ញយុវជនដែលមាននិន្នាកានយោបាយផ្សេងជាដាច់ខាត។

ឯកឧត្តម បានបន្តថា នៅពេលណា មានយុវជនណាមានសមត្ថភាពលទ្ធភាព និងមានលក្ខណសម្បត្តិសមល្មមអាចរ៉ប់រងការងារបាន យុវជននោះៗ នឹងត្រូវបានពិនិត្យជ្រើសរើស និងតែងតាំងក្នុតំណែងណាមួយស្របតាមសំណូមពរចាំបាច់នៃភារកិច្ចរបស់ស្ថាប័នពាក់ព័ន្ធ ។
ឯកឧត្តម បានបញ្ជាក់ថា ការកសាងនិងបណ្តុះបណ្តាលធនធានមនុស្សរបស់គណបក្សប្រជាជនកម្ពុជា គឺជាបញ្ហាផ្ទៃក្នុងរបស់ គណបក្សប្រជាជនកម្ពុជា គ្មានជនណា ឬ គណបក្សណា មានសិទ្ធិលូកដៃចូលបានជាដាច់ខាត ។
ឯកឧត្តម បានបន្ថែមថា គណបក្សប្រជាជនកម្ពុជា គ្មានគោលនយោបាយ កសាងនិងបណ្តុះបណ្តាលធនធានមនុស្សដោយយកប្រភពចេញពីគណបក្សផ្សេង ឬ ពីមជ្ឈដ្ឋានក្រៅពីគណបក្សប្រជាជនកម្ពុជាទេ ហើយក៏គ្មានគោលការណ៏ តែងតាំងអ្នកនោះជាមន្ត្រីគ្រប់ជាន់ថ្នាក់របស់ខ្លួនដែរ ។ ដូច្នេះ ឯកឧត្តម សូមស្នើអ្នកវិភាគទាំងទ្បាយ រួមទាំងលោក សូប្រាជ្ជ នៃកាសែតភ្នំពេញប៉ុស្តិ យល់ឲ្យច្បាស់ពីគោការណ៏របស់ គណបក្សប្រជាជនកម្ពុជា ។ បើយល់មិនច្បាស់ទេ ស្នើសួរអ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជាក៏បាន កុំសរសេរទាំងងឹតងងល់អី ។ ការតែងតាំងមន្ត្រី ជាកូន ជាចៅ របស់គណបក្សប្រជាជនកម្ពុជា ជាសិទ្ធិផ្តាច់មុខរបស់គណបក្សប្រជាជនកម្ពុជា ។ គណបក្សប្រជាជនកម្ពុជា មិនអាចតែងតាំង កូន សម រង្សី ប្ញុ កូន កឹម សុខា ឬ កូន ចៅ អ្នកនេះ អ្នកនៅ នៃ គណបក្សសង្គ្រោះជាតិ និងពីគណបក្សផ្សេង ណាមួយទ្បើយ ។ សូមបញ្ជាក់ មិនត្រឹមតែមិនតែងតាំងទេ ធ្វើដន្លងជាមួយគ្នាក៏មិនអាចដែរ ព្រោះដេីរផ្លូវខុសគ្នា សុំចាំឲ្យច្បាស់ ។ នេះគឺជាគោលនយោបាយ កសាង និងបណ្តុះបណ្តាលធនធានមនុស្សរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីធានារ៉ាប់រង ការងារភារកិច្ចបំរើជាតិ និង ប្រជាជនយូរអង្វែង តកូនតចៅ មិនអាចឲ្យគណបក្សណាមកដណ្តើមយកតួនាទីដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានជាដាច់ខាត ។ តាមរយៈ ខិតខំកសាង និង ធ្វើអំពើល្អ ខិតខំដោះស្រាយបណ្តាបញ្ហាជាកង្វល់របស់ប្រជាជន ដោះស្រាយសំណូមពរ សេចក្តីប្រាថ្នាចង់បានរបស់ប្រជាជន កាត់បន្ថយការចណាយរបស់ប្រជាជន កាត់បន្ថយភាពក្រីក្រពីប្រជាជន ឲ្យបានជាអតិបរមា តាមដែលអាចធ្វើបាន ។
ប្រភព៖ cpp.org.kh

Sok-Esan-5-9-2016